ថៃត្រៀមចែកវ៉ាក់សាំងដល់ប្រទេសជិតខាងចំនួន៤ ក្នុងនោះរួមមានកម្ពុជាផងដែរ

កាលពីពេលថ្មីៗកន្លងទៅនេះ រាជរដ្ឋាភិបាលថៃ បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងមួយ ដែលថៃត្រូវចំណាយទឹកប្រាក់ប្រមាណ ៦ ពាន់លានបាត ដើម្បីទិញវ៉ាក់សាំងបង្ការជំងឺឆ្លងកូវីដ១៩ AstraZeneca / Oxford របស់ប្រទេសអង់គ្លេស ចំនួន ២៦ លានដូស សម្រាប់ចាក់ការពារដល់ប្រជាជនរបស់ខ្លួនចំនួន១៣លាននាក់។

ក្រោយពីកុម្ម៉ង់ទិញវ៉ាក់សាំងពីអង់គ្លេសរួចមក កាលពីថ្ងៃទី៤ ខែធ្នូ ឆ្នាំ២០២០កន្លងទៅនេះ នាយកដ្ឋានត្រួតពិនិត្យជំងឺនៃប្រទេសថៃ ហៅកាត់ថា (DDC) បានបង្ហើបពីគ្រោងនឹងចាប់ផ្តើមចាក់វ៉ាក់សាំងកូវីដ១៩ ដល់ប្រជាជនរបស់ខ្លួន នៅក្នុងខែឧសភា ឆ្នាំ២០២១ ខាងមុខនេះ។ ទន្ទឹមនឹងគម្រោងចាក់វ៉ាក់សាំងជូនពលរដ្ឋនោះ កាលពីថ្ងៃពុធ ទី០៩ ខែវិច្ឆិកា ថ្មីៗនេះ លោក ប្រាយុធ ចានអូចា នាយករដ្ឋមន្រ្តីថៃ បានមានប្រសាសន៍ថា ប្រទេសថៃ ត្រៀមខ្លួនរួចរាល់ហើយ ក្នុងការផលិតនិងចែកចាយវ៉ាក់សាំង Covid-19 ដល់ប្រទេសជិតខាងចំនួន ៤ នៅត្រឹមពាក់កណ្តាលឆ្នាំ២០២១។ លោក ប្រាយុធ បានប្រកាសនៅថ្ងៃពុធ នៅឯវិមានរដ្ឋាភិបាលក្នុងអំឡុងកិច្ចប្រជុំកំពូល Ayeyawady-Chao Phraya-Mekong Economic Cooperation Strategy ហៅកាត់ថា Acmecs លើកទី ៩ ដែលធ្វើឡើងតាមអ៊ីនធឺណេតកាលជាមួយមេដឹកនាំនៃប្រទេសសមាជិក ៤ ផ្សេងទៀត ក្នុងនោះរួមមាន កម្ពុជា ឡាវ មីយ៉ាន់ម៉ា និងវៀតណាម ព្រមទាំងអគ្គលេខាធិការអាស៊ាន។ ហើយរៀបចំដោយប្រទេសកម្ពុជា ដែលកិច្ចប្រជុំផ្តោតលើផលប៉ះពាល់របស់ Covid-19 ទៅលើប្រាក់ចំណូលរបស់ប្រជាជននៅក្នុងអនុតំបន់។

ក្នុងនោះ ឧត្តមសេនីយ៍ប្រាយុធ បានប្រាប់អង្គប្រជុំថា ប្រទេសថៃនឹងជួយពង្រឹង Acmecs ជាពិសេសទាក់ទងនឹងសុខភាពសាធារណៈ។ លោកបានប្រាប់មេដឹកនាំអំពីកិច្ចព្រមព្រៀងរបស់ប្រទេសថៃក្នុងការបម្រុងទុកវ៉ាក់សាំង Covid-19 ពីក្រុមហ៊ុនអង់គ្លេស ហើយប្រទេសនេះរំពឹងថានឹងទទួលបានអាជ្ញាប័ណ្ណផលិតវានៅពាក់កណ្តាលឆ្នាំ ២០២១។ លោកប្រាយុធ បានមានប្រសាសន៍ថា “ ប្រទេសថៃនឹងចាត់ថ្នាក់ថ្នាំបង្ការ និងវ៉ាក់សាំង Covid-19 ជាទំនិញសាធារណៈ ដូច្នេះប្រជាជននៅក្នុងតំបន់មេគង្គ នឹងមានសិទ្ធិស្មើគ្នាក្នុងការទទួលពួកគេក្នុងតម្លៃសមរម្យ” ៕

ប្រភព៖ Business Cambodia

Be the first to comment

Leave a Reply

Your email address will not be published.


*