ប្រទេស ៥ ដែលប្រកាសទិញវ៉ាក់សាំងការពារកូវីដ១៩ ចាក់ជូនប្រជាជនខ្លួនដោយមិនគិតថ្លៃ

មនុស្សជាច្រើននៅតាមបណ្តាប្រទេសទូទាំងពិភពលោក រួមទាំងប្រជាជនកម្ពុជាផងដែរបាននឹងកំពុងជួបប្រឈមជាមួយការឆ្លងរីករាលដាលនៃវីរុសកូវីដ-១៩ ហើយនៅក្នុងនោះវាបានសម្លាប់មនុស្សជាច្រើន បូករួមទាំងធ្វើឲ្យមានកំណើននៃចំនួនអ្នកឆ្លងកាន់តែច្រើនឡើង និងបន្តឲ្យមានឱនភាពសេដ្ឋកិច្ចគួរឲ្យព្រួយបារម្ភ រួមទាំងបញ្ហាលេចឡើងជាច្រើនផ្សេងទៀត ជាពិសេសផ្តល់ផលប៉ះពាល់ជាអវិជ្ជមានដល់សុខសុវត្ថិភាពសុខភាពសាធារណតែម្តង។

ស្របពេលជាមួយគ្នានេះដែរ មានប្រទេសចំនួន ៥ ហើយក្នុងចំណោមប្រទេសដទៃទៀតដែលបានប្រកាសទិញវ៉ាក់សាំងការពារកូវីដ-១៩ ចាក់ជូនប្រជាជនខ្លួនដោយមិនគិតថ្លៃ ដែលក្នុងនោះរួមមានដូចជា សហរដ្ឋអាមេរិក ឥណ្ឌា បារាំង ថៃ និងកម្ពុជា។

ប្រទេសដែលមានចំនួនអ្នកឆ្លងច្រើនបំផុត អាមេរិក និងឥណ្ឌា បានប្រកាសថា​នឹងចាក់វ៉ាក់សាំងប្រឆាំងកូវីដ​-១៩​ដល់ពលរដ្ឋរបស់ខ្លួនដោយឥតគិតថ្លៃ ។ ដោយនៅខែធ្នូនេះ​អាមេរិក នឹងចាក់វ៉ាក់សាំងដល់ពលរដ្ឋ​ប្រមាណ​២០ លាននាក់ ដែលរងផលប៉ះពាល់ខ្លាំងជាងគេ ។ ​ប៉ុន្តែក្នុងចំណោមពលរដ្ឋអាមេរិកមានរហូតដល់ទៅ​៤០ ភាគរយ​បានបញ្ចេញមតិថានឹងមិនចាក់វ៉ាក់សាំង​ប្រឆាំងកូវីដ​-១៩ឡើយ​។

ចំណែកឯប្រទេសឥណ្ឌា ក៏បានប្រកាសចាក់វ៉ាក់សាំង ដោយអត់គិតថ្លៃផងដែរ ។ នាយករដ្ឋមន្ត្រី ម៉ូឌី​បានប្រកាសថា ពលរដ្ឋទាំងអស់នឹងទទួលបានការចាក់ វ៉ាក់សាំង​ដោយឥតគិតថ្លៃ​។ តាមការបញ្ជាក់ឱ្យដឹង វ៉ាក់សាំង​១ដូសនៅឥណ្ឌាមានតម្លៃ​៧ដុល្លារអាមេរិក​។

ដោយឡែកនៅ​ប្រទេស​បារាំងឯណោះវិញ ការចាក់​វ៉ាក់សាំង បង្ការ​កូវីដ នឹង​ធ្វើឡើង​ដោយឥត​គិតថ្លៃ។ តាមការប្រកាស​របស់​នាយករដ្ឋមន្រ្តី​បារាំង លោក ​ហ្សង់ កាស្តិច កាល​ពី​ថ្ងៃ​សុក្រ រដ្ឋាភិបាល​បារាំង​បាន​កុម្ម៉ង់​ទិញ​វ៉ាក់សាំង ប្រមាណ ២០០​លាន​ដូស ដែល​គ្រប់គ្រាន់សម្រាប់​ចាក់​មនុស្ស ១០០លាន​នាក់ ខណៈពេល​ដែល​ប្រជាជន​បារាំង​មាន​ប្រមាណ ៦៧លាននាក់ប៉ុណ្ណោះ។

យ៉ាងណាមិញ បើក្រឡេកមកមើលប្រទេសនៅអាស៊ីយើងវិញ ក៏មិនបានព្រងើយកន្តើយចំពោះរឿងនេះដែរ ដោយក្រសួងសុខាភិបាលប្រទេសថៃ បានឱ្យដឹងថា ប្រជាជនថៃចំនួន ១៣ លាននាក់នឹងត្រូវបានចាក់វ៉ាក់សាំងដើម្បីការពារជំងឺ កូវីដ-១៩ ដោយមិនគិតថ្លៃ នៅពាក់កណ្តាលឆ្នាំ ២០២១ ។ យោងតាមសារព័ត៌មាន Bangkok Post ចេញផ្សាយនៅថ្ងៃទី៤ ខែធ្នូ ឆ្នាំ២០២០ បានឱ្យដឹងថា លេខាធិការអចិន្ត្រៃយ៍នៃ ក្រសួងសុខាភិបាលសាធារណៈថៃ លោក Kiattiphum Wongrajit បានប្រាប់ប្រព័ន្ធផ្សព្វផ្សាយថា លោកនាយករដ្ឋមន្រ្តីប្រាយុទ្ធ ចាន់អូចា បានបញ្ជាទិញជាមុននូវវ៉ាក់សាំងការពារជំងឺកូវីដ១៩ ចំនួន ២៦ លានដូសពីក្រុមហ៊ុន AstraZeneca ដើម្បីផ្តល់ឱ្យប្រជាជនថៃចំនួន ១៣ លាននាក់ ឬពាក់កណ្តាលនៃប្រជាជនថៃទាំងអស់ សម្រាប់ពាក់កណ្តាលឆ្នាំក្រោយនេះ។

ចំណែកឯកម្ពុជាយើងក៏មិនបានមើលរំលងពីបញ្ហានេះដែរ ដោយរដ្ឋាភិបាល កងទ័ព្ធអាវសរ ក្រសួង-មន្ទីពាក់ព័ន្ធគ្រប់ជាន់ថ្នាក់បានដុតដៃដុតជើងយ៉ាងខ្លាំងក្នុងការទប់ស្កាត់វីរុសកូវីដ-១៩នេះ។ ប្រមុខរដ្ឋាភិបាលសម្តេចតេជោ ហ៊ុន សែន បានណែនាំរដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចហិរញ្ញវត្ថុត្រៀមថវិកាសម្រាប់ការទិញ១លានដូស (មួយលានដូស) ក្នុងដំណាក់កាលដំបូងដើម្បីចាក់ជូនចំពោះអ្នកដែលធ្វើការនៅកន្លែងដែលមានហានិភ័យខ្ពស់ និងអ្នកដែលមានហានិភ័យ។

យោងតាមផេកជាផ្លូវការរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានចេញសំណេរមួយនៅថ្ងៃទី ០៧ ខែធ្នូ ឆ្នាំ២០២០នេះ ដែលមានខ្លឹមសារទាំងស្រុងថា៖ កន្លងមកជាមួយនឹងការតាមដាននូវដំណើរការផលិតវ៉ាក់សាំងប្រឆាំងកូវីដ១៩ របស់ប្រទេសនានា ខ្ញុំបានណែនាំរដ្ឋមន្ត្រីក្រសួងសុខាភិបាល និងរដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចហិរញ្ញវត្ថុអោយត្រៀមបម្រុងថវិកាសម្រាប់ទិញវ៉ាក់សាំងនេះយកមកចាក់ជូនប្រជាជនយើងដោយឥតគិតថ្លៃជាជំហានដំបូងផងដែរ។

សម្តេចក៏បានបន្ថែមទៀតថា “យើងសង្ឃឹមថាដៃគូអភិវឌ្ឍន៍របស់យើងនឹងផ្តល់ជំនួយដល់ប្រជាជនយើងឬយ៉ាងហោចលក់ក្នុងតម្លៃថោកសមរម្យអោយយើង។ ខ្ញុំក៏បានណែនាំរដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចហិរញ្ញវត្ថុត្រៀមថវិកាសម្រាប់ទិញ២ទៅ៣លានដូសថែមទៀតផងដែរសម្រាប់ដំណាក់កាលបន្ទាប់”៕

Be the first to comment

Leave a Reply

Your email address will not be published.


*